Monday, October 9, 2017

ការប្រណាំង​សេះ ប្រចាំ​ខែ​តុលា គ្មាន​វត្តមាន​សេះ​លំដាប់​ស្តង់ដារ

·   0

ភ្នំពេញៈ ការប្រកួត​កីឡា​ប្រណាំង​សេះ​ដណ្តើម​ពាន​រង្វាន់ SCT Sport Complex របស់​ក្រុមហ៊ុន 7NG ប្រចាំ​ខែ​តុលា នៅ​លើ​ទឹកដី​វិហារសួគ៌ កាល​ពី​ថ្ងៃ​អាទិត្យ បាន​ដំណើរការ​ដោយ​គ្មាន​វត្តមាន​សេះ​លំដាប់​ស្តង់ដារ​អន្តរជាតិ​ស្ថិត​ក្នុង​ពូល A នោះ​ទេ គឺមាន​តែ​ការ​ប្រណាំង​សេះ​ក្នុង​ស្រុក​ស្ថិត​នៅ​ពូល​ផ្សេងៗ​ទៀត។
ទាក់ទង​នឹង​បញ្ហា​នេះ​លោក អឿន សុផល អ្នកជំនាញ​ថែទាំ​សេះ​នៅ​ទីលាន SCT Sport Complex បាន​ប្រាប់​ថា៖ «ការ​គ្មាន​សេះ​ពូល A ប្រកួត​នៅ​ថ្ងៃនេះ ដោយសារ​សេះ​របស់​យើង​ទុក​សម្រាប់​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ប្រាក់ ២៥ ០០០ ដុល្លារ​នៅ​ខែ ១២ អ៊ីចឹង​ខាង​ខ្ញុំ​តម្រូវ​ឲ្យ​មានការ​បំពាក់​បំប៉ន​សេះ​ពូល A នេះ​ចាប់ពី​ខែ ១០ និង​ខែ ១១ ហើយ​យើង​ត្រូវ​ប្រកួត​នៅ​ខែ ១២ ខណៈ​ការប្រកួត​ដណ្តើម​យក​ពាន​ធំ និង​ប្រាក់ ២៥០០០ ដុល្លារ​នេះ ក៏មាន​សេះ​មកពី​ប្រទេស​ជិតខាង ចូលរួម​ប្រកួត​ផងដែរ»។
លោក​បន្ថែម​ថា៖ «ការប្រកួត​ផ្តាច់ព្រ័ត្រ ប្រចាំ​ឆ្នាំ ២០១៧ នៅ​ខែ ១២ នោះ មាន​សេះ​ពី​ប្រទេស​ថៃ និង​វៀតណាម មក​ប្រកួត​ដណ្តើម​ប្រាក់ ២៥០០០ ដុល្លារ​ជាមួយ​សេះ​នៅ​ក្នុង​កសិដ្ឋាន​របស់​យើង​ផ្ទាល់ ដោយ​យើង​តម្រូវ​ឲ្យ​មាន​តែ ១៦ ក្បាល​ទេ ប៉ុន្តែ​ចំពោះ​ចំនួន​សេះ​មកពី​ប្រទេស​ជិតខាង យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ ឯខាង​យើង បាន​ត្រៀម​សេះ​ចំនួន ១២ ក្បាល សម្រាប់​ត្រៀម​ការប្រកួត​ដណ្តើម​យក​ពាន​ធំ​នោះ»។
បើ​ទោះបី​ជា សេះ​ក្រុម A មិន​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ប្រចាំ​ខែ​តុលា​នេះ ប៉ុន្តែ​គណៈកម្មការ​បាន​រៀបចំ​ឲ្យ​មានការ​ប្រកួត​រវាង​សេះ​ក្នុង​ស្រុក ឈរ​នៅ​ពូល D និង​ពូល E ដែល​មាន​សេះ​សរុប​ចំនួន ៤១ ក្បាល ដោយ​មាន​ការគាំទ្រ​ខ្លាំង​ដូចការ​ប្រកួត ប្រចាំ​ខែ​កន្លង​មក​ដែរ ព្រោះ​ការប្រកួត​រវាង​សេះ​ក្នុង​ស្រុក​នេះ ក៏​នឹង​ត្រូវ​ជ្រើសរើស​សេះ​ល្អៗ យក​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ​ប្រចាំ​ឆ្នាំ ២០១៧ តាម​ពូល​នីមួយៗ យក​ពាន​តូច អម​ជាមួយ​ការប្រកួត​យកពាន​ធំ​ប្រចាំ​ពូល A នៅ​ខែ​ធ្នូ ផងដែរ៕

Subscribe to this Blog via Email :