បេសកកម្មរបស់កញ្ញាឯក អែម គុនថង បានចាប់ផ្ដើម ដោយព្រឹកមិញនេះ
កញ្ញាបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន
ដើម្បីចូលរួមប្រកួតកម្មវិធីកញ្ញាឯកផែនដី ឆ្នាំ២០១៧។
ដំណើរចាកចេញទៅដណ្ដើមមកុដដ៏មានតម្លៃនេះ កញ្ញា អែម គុនថង ទទួលបានការសាទរ និងជូនដំណើរដោយមានវត្តមានរបស់បវរកញ្ញាកម្ពុជាទាំងអស់ប្រចាំ ឆ្នាំ២០១៦ និង២០១៧។
ក្នុងទឹកមុខញញឹមពព្រាយ គុនថង និយាយថា នេះជាលើកទី១ហើយសម្រាប់ខ្លួនក្នុងការចេញទៅប្រកួតនៅក្រៅ ប្រទេស។ នាងមានសង្ឃឹម៦០%ប៉ុណ្ណោះ តែអ្វីដែលរូបនាងប្ដេជ្ញានោះ គឺនឹងនាំសម្រស់ទឹកដីកម្ពុជា សម្លៀកបំពាក់ស្អាតៗ និងការសម្ដែងគុនល្បុក្កតោ ឲ្យពិភពលោកបានឃើញថាប្រទេសកម្ពុជាពិតជាមានទេសភាពល្អស្អាត ប្រាសាទល្អៗគួរជាទីមោទនៈ ហើយនារីខ្មែរពិតជាមានរូបសម្រស់ស្រស់ស្អាត សេចក្ដីថ្នូរ និងមិនទន់ជ្រាយ។

នាងបន្តទៀតថា ប្រិយមិត្តអាចចូលរួមគាំទ្ររូបនាងបាន ដោយការចុច Like រូប និងសកម្មភាពផ្សេងៗរបស់នាងក្នុងទំព័រ Miss Earth ព្រោះការ Like របស់អ្នកស្មើនឹងពិន្ទុពាក់កណ្ដាលរបស់នាង៕