Wednesday, October 18, 2017

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រកាសចាត់វិធានការធ្ងន់ៗ លើមន្ដ្រីនគរបាលកោសល្យវិច្ឆ័យទាំងឡាយណា ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ យកទៅចែកចាយតាមនិងបណ្ដាញសង្គមហ្វេសប៊ុក

·   0


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដោយប្រកាសចាត់វិធានការធ្ងន់បំផុតតាមផ្លូវច្បាប់ទៅលើមន្ដ្រីនគរបាលកោសល្យវិច្ឆ័យ និងបុគ្គលនគរបាលទាំងឡាយណា​ពាក់ព័ន្ធ ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ទៅចែកចាយតាមគ្រុប និងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានធ្វើកោសល្យវិច្ឆ័យទៅលើសពរួចមក។


នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា «ខ្ញុំកំពុងឲ្យតាមស្រាវជ្រាវចំពោះបុគ្គលមន្ដ្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឲ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនលើកលែងឲ្យឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ដ្រីនគរបាលយើង»។ ​ចំណាត់ការដ៏តឹងរឹងរបស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមហាជនបានសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងដាច់ខាត ចំពោះទង្វើអសីលធម៌បំផុតរបស់មន្ដ្រីនគរបាលកោសល្យវិច្ឆ័យ ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ យកទៅចែកចាយតាមគ្រុប និងលើបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានចែកចាយបន្ត។

ចំណែក លោក ឡាញ់ យ៉ូវម៉ា នាយការិយាល័យបច្ចេកទេស និងកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងថា «បើសិនមន្ដ្រីនគរបាលណាម្នាក់របស់លោកត្រូវបានរកឃើញថា បានប្រព្រឹត្តទង្វើអសីលធម៌បែបនេះមែន លោកនឹងចាត់វិធានការតាមរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត»។






គួរបញ្ជាក់ថា មហាជនបានផ្ទុះកំហឹងជាខ្លាំងចំពោះមន្ត្រីនគរបាលកោសល្យវិច្ឆ័យមួយចំនួន ​ក្រោយពេលពួកគាត់បានយកសពតារាចម្រៀង សាន ស្រីឡៃ ទៅធ្វើកោសល្យវិច្ឆ័យតាមនីតិវិធីច្បាប់ហើយ បែរជាក្រុមមន្ត្រីកោសល្យវិច្ឆ័យដែលគ្មានសីលធម៌ និងគ្មានក្រមសីលធម៌ទាំងនោះ នាំគ្នាថតរូបភាពអាក្រាត ២ ទៅ ៣ប៉ុស្តិ៍ ផ្នែកខាងមុខរបស់សព ហើយបានបង្ហោះ​ចែកចាយគ្នាមើលក្នុងគ្រុបយ៉ាងសប្បាយរីករាយទៅវិញ ដែលទង្វើនេះ គឺមិនបានគោរពដល់សព និងមិនបានផ្តល់កិត្តិយសដល់ក្រុមគ្រួសារសពផងដែរ៕


Subscribe to this Blog via Email :