(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានប្រកាសចាត់វិធានការយ៉ាងធ្ងន់ៗបំផុត ទៅលើមន្ដ្រីនគរបាលទាំងឡាយណា ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ ទៅបង្ហោះចែកចាយតាមគ្រូប និងបណ្ដាញទំនាក់ទំនងសង្គម Facebook ។
ការប្រកាសចាត់វិធានការរបស់ លោកស្នងការធ្វើឡើងបន្ទាប់ទៅរូបភាពអាក្រាតកាយ ផ្នែកខាងលើត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកបុកបង្ហោះព្រោងព្រាតដោយគ្មានការបិតបាំងធ្វើអោយបាត់បង់កិត្តិយស ថ្លៃថ្នូ សាកសពនិងក្រុមគ្រួសារ ។
ជាមួយគ្នានេះមហាជន បានសម្ដែងការខឹងសម្បារ និងថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះទង្វើអសីលធម៌បំផុត របស់មន្ដ្រីនគរបាលកោសល្យវិច្ច័យដែលបានថតរូបអាក្រាត សពតារាចម្រៀង សាន ស្រីឡៃ យកទៅចែកចាយតាមគ្រូប និងលើបណ្ដាញទំនាក់ទំនងសង្គម Facebook ទៀតផង។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការង និងស្នងការនគរបាលរាជធានីភ្នំពេញ. បានប្រាប់ គេហទំព័រក្នុងស្រុកថា «ខ្ញុំកំពុងឲ្យតាមស្រាវជ្រាវចំពោះបុគ្គលមន្ដ្រីនគរបាលទាំងនោះ បើសិនប្រព្រឹត្តទង្វើបែបនេះមែន ខ្ញុំមិនលើកលែងឲ្យនោះទេ គឺនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនលើកលែងឲ្យឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សព ហើយក៏វាប៉ះពាល់ចំពោះវិជ្ជាជីវៈ និងក្រមសីលធម៌របស់មន្ដ្រីនគរបាលយើង»។
ចំណែកលោក ឡាញ់ យ៉ូវម៉ា នាយការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បើសិនមន្ដ្រីនគរបាលណាម្នាក់របស់លោក ត្រូវបានរកឃើញថា ប្រព្រឹត្តទង្វើអសីលធម៌បែបនេះ លោកនឹងចាត់វិធានការតាមរដ្ឋបាលយ៉ាងតឹងរ៉ឹងបំផុត។
លោកបញ្ជាក់បន្ថែមថានៅពេលធ្វើកោសល្យវិច្ច័យសពជនរងគ្រោះ ក្រោយកើតហេតុភា្លមៗនោះ គឺមានការចូលរួមពីមន្ដ្រីនគរបាលប៉ុស្ដិ៍ មន្ដ្រីនគរបាលខណ្ឌ មន្ដ្រីសាលាខណ្ឌ និងមន្ដ្រីកងរាជអាវុធហត្ថផងដែរ ដោយឡែកមន្ដ្រីរបស់លោក គឺមាន៤នាក់ ដូច្នេះលោកក៏មិនទាន់អាចដឹងច្បាស់ថា រូបថតអាក្រាតចេញពីមន្ដ្រីណានោះឡើយ។
សូមបញ្ជាក់ថាក្រោយពីមានការបែកធ្លាយរូប អាក្រាត ផ្នែកខាងលើរបស់តារា ចម្រៀង សាន. ស្រីឡៃ មហាជនបាននាំគ្នារិះគន់ថា នេះគឺជាសពរបស់មនុស្ស មិនមែនខ្មោចសត្វ ឬរុក្ខជាតិនោះទេ ទោះបីមនុស្សបានស្លាប់ទៅហើយក្ដី ក៏នៅមានសិទ្ធិជាឯកជនតាមច្បាប់នៅឡើយដែរ មិនមែនអាចឲ្យនរណា ឬមន្ត្រីណាម្នាក់មកថតរូបអាក្រាតកាយ ហើយបង្ហោះចែកគ្នាមើលគ្មានសីលធម៌ក្នុងខ្លួនយ៉ាងដូច្នេះទេ នេះជាការបំពាន និងអសីលធម៌ជាទីបំផុត។
សូមរំលឹកថាឃាតកម្មបាញ់សម្លាប់នេះបានកើតឡើងកាលពី ម៉ោង ៤និង១២នាទី ល្ងាច នៅក្បែ ស្ថានីយ៍ទូរទស្សន៍អប្សរា កន្លែងក្លីនិច ព្យាបាល វ៉ាយ តាឡុងហ្គា ផ្លូវ៣១០ កែង ៥២ ផ្ទះលេខ៥២ អា ក្នុងសង្កាត់ បឹងកេងកង ១ រាជធានីភ្នំពេញ។ជនរងគ្រោះនៅក្នុងអំពើឃាតកម្មនោះមានឈ្មោះ សាន ស្រីឡៃ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ចំណែកខ្មាន់កាំភ្លើង ឈ្មោះ ជ័យ រិន មុខរប មន្ត្រីគយនៅខេត្តព្រៃវែង ។