Monday, October 9, 2017

អបអរសាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក ៥ ​តុលា ២០១៧

·   0

«​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ​»
ថ្ងៃ​ទី​ ៥ ខែ​តុលា​គឺជា​ទិវា​គ្រូបង្រៀន​ពិភពលោក​។ យើង​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា​គ្រូបង្រៀន​គឺជា​កត្តា​សំខាន់​បំផុត​ដែល​មាន​ឥទ្ធិពល​លើ​គុណភាព​នៃ​ការ​បង្រៀន​ និង​រៀន​។
តួនាទី​របស់​គ្រូបង្រៀន​គឺ​លើស​ពី​ផ្ទេរ​ចំណេះដឹង និង​ជំនាញ​តាម​មុខវិជ្ជា​នីមួយៗ​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ គ្រូបង្រៀន​បាន​ផ្តល់​នូវ​មគ្គុទ្ទេសក៍​ដល់​សិស្ស​ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ពី​សក្តានុពល​របស់​ខ្លួន តាមរយៈ​ការ​ជួយ​ឲ្យ​សិស្ស​ទទួល​បាន​នូវ​បំណិន​ផ្សេងៗ​ដូចជា​ការ​គិត​ពិចារណា ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ ការ​សហការ និង​ធ្វើ​ការងារ​ជា​ក្រុម ការ​ប្រាស្រ័យ​ទាក់ទង​ និង​ការ​យល់ដឹង​ពី​វប្បធម៌​ចម្រុះ​ដើម្បី​ក្លាយ​ជា​ពលរដ្ឋសកល​ដែល​មាន​ការ​ទទួល​ខុស​​ត្រូវ​ខ្ពស់​បំផុត​។
យើង​អាច​មាន​កម្មវិធី​សិក្សា សម្ភារ​រូបវន្ត និង​បច្ចេកវិទ្យា​ល្អ​បំផុត​ក្នុង​សាលារៀន ប៉ុន្តែ​ប្រសិន​បើ​គ្មាន​គ្រូបង្រៀន​ដែល​មាន​គុណភាព មាន​ទឹកចិត្ត​បំពេញ​ការងារ និង​ទទួល​បាន​ការ​គាំទ្រ​ទេ​នោះ​ក៏​យើង​មិន​អាច​មាន​ការ​បង្រៀន និង​ការ​រៀន​ប្រកប​ដោយ​គុណភាព​បាន​ឡើយ​។
របាយការណ៍​ត្រួតពិនិត្យ​តាមដាន​ជា​សកល​ឆ្នាំ​ ២០១៣/១៤ របស់​អង្គការ​យូណេស្កូ​បាន​ឲ្យ​សញ្ញា​នូវ​វិបត្តិ​នៃ​ការ​រៀនសូត្រ​ជា​សកល និង​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​បញ្ចប់​វិបត្តិ​នេះ​។ របាយការណ៍​របស់​ធនាគារ​ពិភពលោក​ស្តីពី​ការ​អភិវឌ្ឍ​ពិភពលោក​ឆ្នាំ ២០១៨ បាន​លើក​ឡើង​ជាថ្មី​ម្តង​ទៀត​ថា​វិបត្តិ​នេះ​នៅ​តែ​កើត​មាន​​ជា​បន្ត​។ ​វិបត្តិការ​រៀនសូត្រ​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​អនាគត​របស់​សិស្ស​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ធ្វើឲ្យ​ខាតបង់​ថវិកា​រដ្ឋាភិបាល​ផង​ដែរ​។
ឧទាហរណ៍​វា​បាន​ធ្វើឲ្យ​កុមារ​ ២៥០ លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​មូលដ្ឋាន ដែល​គិត​ជា​​ទឹកប្រាក់​គឺ​មាន​តម្លៃ​ ១២៩ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង​ ១០ ​ភាគរយ​នៃ​ការ​ចំណាយ​ទៅ​លើ​ការ​អប់រំ​បឋមសិក្សា​នៅ​លើ​សកលលោក​។
យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​នានា​ដែល​អនុវត្ត​ដោយ​បណ្តា​ប្រទេស​មួយ​ចំនួន​ដើម្បី​បញ្ចប់​វិបតិ្ត​នេះ​គឺ​ការ​វិនិយោគ​លើ​គ្រូបង្រៀន​។
អង្គការ​យូណេស្កូ​បាន​លើក​ឡើង​នូវ​អនុសាសន៍​សម្រាប់​ការ​អន្តរាគមន៍​ជា​យុទ្ធសាស្ត្រ​ចំនួន​ ៤ ដូច​តទៅ​៖ ១) ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​បំផុត​ពី​ក្នុង​ចំណោម​អ្នក​ដែល​មាន​សាវតារ​អប់រំ​ផ្សេងៗ​គ្នា ២) បណ្តុះបណ្តាល​គ្រូបង្រៀន​ទាំងអស់​ឲ្យ​បាន​ល្អ​ទាំង​មុន និង​ទាំង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​បម្រើ​ការងារ ៣) ​ពង្រាយ​គ្រូបង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​តាមរយៈ​ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូ​ដែល​បង្រៀន​នៅ​តំបន់​ដែល​ជួប​ការ​លំបាក និង​៤) ​រក្សាទុក​គ្រូបង្រៀន​តាមរយៈ​ការ​កែលម្អ​លក្ខខណ្ឌ​ការងារ និង​លើក​កម្ពស់​គន្លង​អាជីព​របស់​ពួកគេ​។
នៅ​ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក​នេះ​យើង​គួរ​ទទួល​ស្គាល់​នូវ​កិច្ចប្រឹងប្រែង​ និង​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ពាក់ព័ន្ធ​​នឹង​ការ​ផ្គត់ផ្គង់​គ្រូបង្រៀន​មាន​សមត្ថភាព​នៅ​ទូទាំង​ពិភពលោក ។
របាយការណ៍​ពិនិត្យ​តាមដាន​ការ​អប់រំ​ជា​សកល​ដែល​ចេញ​ផ្សាយ​ដោយ​យូណេស្កូ​ឆ្នាំ​ ២០១៦ បង្ហាញ​ថា​នៅ​ឆ្នាំ​ ២០១៤ គ្រូបង្រៀន​ដែល​មាន​លក្ខណសម្បត្តិ​ស្រប​តាម​តម្រូវការ​គុណវុឌ្ឍិ​អប្បបរមា​សម្រាប់​បង្រៀន​នៅ​កម្រិត​មត្តេយ្យសិក្សា​មាន​ចំនួន​ ៨២ ​ភាគរយ​នៅ​កម្រិត​បឋមសិក្សា​មាន​ចំនួន ៩៣ ​ភាគរយ និង​នៅ​កម្រិត​​មធ្យមសិក្សា​មាន​ចំនួន ៩១ ​ភាគរយ​។
​ទោះ​ជា​ដូច្នេះ​ក៏ដោយ គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​នៅ​តែ​មាន​ចំនួន​មិន​គ្រប់គ្រាន់​នៅ​ឡើយ​ដែល​ធ្វើឲ្យ​ថ្នាក់រៀន​ជាច្រើន​មាន​សិស្ស​ច្រើន​លើសលប់​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។
វិទ្យាស្ថាន​ស្ថិតិ​របស់​អង្គការ​យូណេស្កូ​បាន​ប៉ាន់​ប្រមាណ​ថា​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​ ៤ និង​ធានា​ថា​កុមារ​ទាំងអស់​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ត្រឹម​ឆ្នាំ ២០៣០ ប្រទេស​នានា​ត្រូវ​ជ្រើសរើស​គ្រូ​ដែល​មាន​គុណភាព​ចំនួន​ ៦៨,៨ លាន​នាក់​ក្នុង​នោះ​គ្រូ​កម្រិត​បឋម​ចំនួន​ ២៤,៤ លាន​នាក់ និង​គ្រូ​កម្រិត​មធ្យមសិក្សា​ចំនួន ៤៤,៤ ​លាន​នាក់​ដើម្បី​ផ្តល់​ការ​អប់រំ​បឋមសិក្សា និង​មធ្យមសិក្សា​សម្រាប់​កុមារ​គ្រប់​រូប​។
នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ដូចជា ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​គោលនយោបាយ​រួម​ទាំង​ការ​បង្កើត​គណៈកម្មការ​អភិវឌ្ឍន៍​គ្រូបង្រៀន​ជា​ការ​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​គ្រូ ការ​បង្កើន​ប្រាក់​បៀវត្សរ៍​ និង​ការ​លើក​ទឹកចិត្ត​ការ​ធ្វើ​វិក្រឹតការ ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ពន្លឿន​ឆ្ពោះ​ទៅ​កម្រិត​បរិញ្ញាបត្រ​ព្រម​ទាំង​ការ​ផ្តល់​រង្វាន់​ និង​ប័ណ្ណ​សរសើរ​ដល់​គ្រូ និង​នាយក​សាលា​ឆ្នើម​ជាដើម​។
កំណែ​ទម្រង់​ការ​អប់រំ​ឧត្តមសិក្សា​កាលពី​ពេល​ថ្មីៗ​នេះ និង​ការ​វិនិយោគ​ធនធាន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​រដ្ឋាភិបាល​ក្នុង​គ្រឹះស្ថាន​ឧត្តមសិក្សា​ដែល​មាន​សក្តានុពល​ជាង​គេ​គឺ​ដើម្បី​ឲ្យ​គ្រឹះស្ថាន​ទាំង​នេះ​ផលិត​នូវ​ធនធាន​មនុស្ស​ដែល​មាន​គុណភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​។
លើស​ពី​នេះ​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ចាត់​ទុក​គ្រូបង្រៀន​ជា​សសរស្តម្ភ​ចម្បង​សម្រាប់​ការ​អប់រំ​នាំឲ្យ​មាន​សិស្ស​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ​ដែល​ទទួល​​បាន​និទ្ទេស​ A,B និង​ C ជាច្រើន​នាក់​ចូល​រៀន​នៅ​តាម​មជ្ឈមណ្ឌល​/​សាលា​គរុកោសល្យ​នានា​។ នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើឲ្យ​វិជ្ជាជីវៈ​បង្រៀន​​កាន់តែ​មាន​ភាព​ទាក់ទាញ​។
រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​នូវ​សារៈសំខាន់​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ ជាពិសេស​ទៅ​លើ​គ្រូបង្រៀន​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ពី​គោលជំហរ​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ថវិកាជាតិ​មក​លើ​វិស័យ​អប់រំ​នៅ​ក្នុង​កិច្ចប្រជុំ​រវាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ស្តីពី​អាទិភាព​ថវិកា​អប់រំ​ក្នុង​ខែ​កក្កដា​ឆ្នាំ ២០១៧​។
ឧទាហរណ៍ អនុវិស័យ​អប់រំ​ឧត្តមសិក្សា​ដែល​គេ​រំពឹង​ថា​នឹង​រួម​ចំណែក​ដល់​ការ​អប់រំ​គ្រូបង្រៀន​នាពេល​ខាង​មុខ​នេះ​គឺជា​អនុវិស័យ​អាទិភាព​មួយ​ក្នុង​ការ​ទទួល​បាន​ថវិកា​ជាតិ​ច្រើន​ជាង​មុន​នៅ​ឆ្នាំ​ ២០១៨​។
ទន្ទឹម​នឹង​វឌ្ឍនភាព​ដែល​សម្រេច​បាន​យើង​ទទួល​ស្គាល់​ថា​នៅ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ដូចជា​ការ​កែលម្អ​គុណភាព វិធីសាស្ត្រ​បង្រៀន និង​រៀន​នៅ​គ្រប់​កម្រិត​រួម​ទាំង​ការ​បង្រៀន​ថ្នាក់ដំបូង ការ​បង្កើន​គុណវុឌ្ឍិ​គ្រូបង្រៀន និង​កែលម្អ​ស្តង់ដារ​បណ្តុះបណ្តាល​គ្រូបង្រៀន​ព្រមទាំង​ធានា​ឲ្យ​បាន​នូវ​ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដើម្បី​រក្សា​គ្រូ​ដែល​មាន​សមត្ថភាព​ឲ្យ​បន្ត​ធ្វើ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​។
ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព គោលនយោបាយ​ស្តីពី​គ្រូបង្រៀន​ (TPAP)​។
ឧទាហរណ៍​ដូច​ដែល​បាន​លើក​ឡើង​ក្នុង​ផែនការ​សកម្មភាព​នេះ​ក្រសួង​អប់រំ​បាន​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ពន្លឿន​ឆ្ពោះ​ទៅ​កម្រិត​បរិញ្ញាបត្រ ការ​បណ្តុះបណ្តាល​នាយក​សាលា​ស្តីពី​ការ​គ្រប់គ្រង​តាម​សាលារៀន និង​ធ្វើ​វិក្រឹតការ​គ្រូ​នៅ​នឹង​កន្លែង​ដោយ​មាន​ការ​គាំទ្រ​ពី​គ្រូបង្វឹក​។
ជាង​នេះ​ទៅ​ទៀត​ ​កំណែទម្រង់​ក៏​ផ្តោត​លើ​ការធានា​ឲ្យ​បាន​នូវ​ការ​ពង្រាយ​គ្រូ​ប្រកប​ដោយ​គុណភាព និង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ដល់​សាលារៀន​ដាច់​ស្រយាល​ និង​ជួប​ការ​លំបាក​ និង​​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ និង​ការ​គាំទ្រ​ជា​ប្រចាំ​ដល់​គ្រូបង្រៀន​​ និង​អ្នក​អប់រំ​ផង​ដែរ​។
យើង​ទាំងអស់​គ្នា​ជំពាក់​គុណគ្រូ​របស់​យើង​ដែល​បាន​ជួយ​បន្ត​ផ្តល់​មគ្គុទ្ទេសក៍​ និង​ទូន្មាន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ទាំងអស់​គ្នា​។ សូម​យើង​ទាំងអស់​គ្នា​យក​ឱកាស​នេះ​រំឭក​ពី​លោកគ្រូ​អ្នកគ្រូ​ និង​សម្ដែង​ការ​ដឹងគុណ​ចំពោះ​ពួកគាត់​។
យើង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ ២០១៧ ​នៅ​កម្ពុជា​ដើម្បី​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​គ្រូបង្រៀន គណៈកម្មាធិការ​ទ្រទ្រង់​សាលារៀន សហគមន៍​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ក្នុង​ការ​ជំរុញ​ឧត្តមភាព​កំណែទម្រង់​គ្រូបង្រៀន​ និង​ធ្វើឲ្យ​វិជ្ជាជីវៈ​បង្រៀន​មាន​ភាព​ទាក់ទាញ​បំផុត​នៅ​កម្ពុជា​៕
ដោយ​ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​និង លោកស្រី Anne Lemaistre តំណាង​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា

Subscribe to this Blog via Email :