
អ្នកជំនាញកសិកម្ម រូបនេះ បន្តថា ការផ្គត់ផ្គង់ផ្លែនេះសព្វថ្ងៃ គឺភាគច្រើនទទួលបានពីខេត្តមណ្ឌលគិរី និងក្រៅប្រទេស។ លោកបានលើកឡើងពីការអង្កេតមិនផ្លូវការមួយដែលបង្ហាញថា ផ្លែផាស៊ិននេះត្រូវបាននាំចូលច្រើនពីប្រទេសវៀតណាម តាមច្រកព្រំដែននៅខេត្តមណ្ឌលគិរី ដោយក្នុងមួយខែប្រមាណ ១០០តោន។ បើដាំផ្លែនេះដើម្បីផ្គត់ផ្គង់ទីផ្សារ លោក យ៉ង សាំងកុមារ ផ្ដល់យោបល់ថា កសិករត្រូវចងគ្នាជាសហគមន៍ និងមានការជួយជ្រុមជ្រែងពីស្ថាប័នរដ្ឋ។ ផ្លែផាស៊ិននេះ ត្រូវបានគេបរិភោគឆៅ ឬធ្វើជាភេសជ្ជ។លោក សម វិទូ ប្រធានអង្គការសេដាក បានថ្លែងថា អង្គការរបស់លោកបានដាក់ប្រភេទផ្លែផាស៊ិននេះក្នុងគម្រោងមួយផងដែរ ដែលសេដាកកំពុងចងក្រងកសិករដើម្បីអនុវត្ត។ ប៉ុន្តែលោកបញ្ជាក់ថា រហូតដល់ចុងឆ្នាំនេះ ទើបសេដាកមានរបាយការណ៍ទាក់ទងនឹងតម្រូវការ និងការដាំដុះផ្លែឈើនេះ។
បើតាមម្ចាស់ហាងលក់កាហ្វេតូចៗ ដែលមានលក់ភេសជ្ជផាស៊ិននេះផងដែរនោះ ផ្លែផាស៊ិនរៀតណាម មានតម្លៃ ៤ ទៅ៥ពាន់រៀលក្នុងមួយគីឡូក្រាម រីឯផាស៊ិនខ្មែរ សម្រាប់រដូវសម្បូរតម្លៃប្រហាក់ប្រហែលនេះដែរ តែសម្រាប់ពេលខ្សត់ ផ្លែនេះត្រូវបានលក់ថ្លៃជាងច្រើន។ អ្នកលក់ទាំងនោះអះអាងថា ដោយសារតែតម្លៃ និងភាពសម្បូរ ពួកគេទិញផ្លែផាស៊ិនវៀតណាម៕