Sunday, October 8, 2017
ឧទ្យានជាតិទាំង១២ ដែលបង្កើតឡើងដើម្បីការពារផ្នែកអេកូឡូស៊ី
ភ្នំពេញ៖
មកដល់ពេលនេះរដ្ឋាភិបាល បានបង្កើតឧទ្យានជាតិ ចំនួន១២ហើយ
ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់
សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។ក្រសួងបរិស្ថាន
បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៦ ឧទ្យានជាតិចំនួន១២តំបន់
ត្រូវបានបង្កើតឡើងដោយក្នុងនោះឧទ្យានជាតិចំនួន៧
បានបង្កើតឡើងដោយព្រះរាជក្រឹត្យ
និងទីតាំងចំនួន៥តំបន់ទៀតត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ។
បើតាមក្រសួងបរិស្ថាន ឧទ្យានជាតិទាំង១២តំបន់នេះ
បានគ្រប់ដណ្តប់លើផ្ទៃដីសរុប១.៧២០.២៦៩,៣៥ហិកតា ដែលស្មើនឹង៩,៥ភាគរយ
នៃផ្ទៃដីប្រទេសស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កោះកុង កំពត
ពោធិ៍សាត់ សៀមរាប រតនគិរី ព្រះសីហនុ និងខេត្តស្ទឹងត្រែង។តំបន់ឧទ្យានជាតិទាំងនោះរួមមាន៖ ១. ព្រះសុរាម្រិត-កុសមៈ
ស្ថិតក្នុងភូមិសាស្ត្រខេត្ត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង
ហើយមានផ្ទៃក្រឡា៣៥.២៣២ ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី២៨ ខែធ្នូ
ឆ្នាំ២០១០ ។ ២. ព្រះមុនីវង្ស “បូកគោ”ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
ព្រះសីហនុ និងកំពង់ស្ពឺ ហើយមានផ្ទៃដី១៥៤.៤៥៨ ហិកតាចេញដោយអនុក្រឹត្យ
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ។ ៣. កែប ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប
ហើយមានផ្ទៃដី១.១៥២ហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី២៥ ខែតុលា
ឆ្នាំ២០០៣ ។ ៤. ព្រះសីហនុ (រាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
ហើយមានផ្ទៃដី១៥.០០០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ១៩៩៣ ។ ៥. បុទុមសារ ស្ថិតក្នុងខេត្តកោះកុង
ហើយមានផ្ទៃដី១៧១.២៥០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ១៩៩៣ ។ ៦. ព្រះជ័យវរ្ម័ន-នរោត្តម(ភ្នំគូលែន)
ស្ថិតក្នុងខេត្តសៀមរាប
ហើយមានផ្ទៃដី៣៧.៥០០ហិកតាចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ១៩៩៣ ។៧.វីរៈជ័យ ស្ថិតក្នុងខេត្តរតនៈគិរី និងស្ទឹងត្រែង
ហើយមានផ្ទៃដី៣៣២.៥០០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា
ឆ្នាំ១៩៩៣ ។ ៨. វ៉ឺនសៃ-សៀមប៉ាង ស្ថិតក្នុងខេត្តស្ទឹង និងរតនៈគីរី
ហើយមានផ្ទៃដី៥៧. ៤៦៩ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី០៩ ខែឧសភា
ឆ្នាំ២០១៦ ។ ៩. ជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងខេត្តកោះកុង ពោធិ៍សាត់
និងកំពង់ស្ពឺ ហើយមានផ្ទៃដី៤០១.៣១៣ ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី០៩
ខែឧសភា ឆ្នាំ២០១៦ ។ ១០. អូរយ៉ាដាវ ស្ថិតក្នុងខេត្តរតនៈគិរី
ហើយមានផ្ទៃដី១០១. ៣៤៨ ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី០៩ ខែឧសភា
ឆ្នាំ២០១៦ ។ ១១. ជួរភ្នំក្រវាញខាងត្បូង ស្ថិតក្នុងខេត្តកោះកុង
ពោធិ៍សាត់ កំពង់ស្ពឺ និងព្រះសីហនុ ហើយមានផ្ទៃដី៤១០.
៣៩២ហិកតាចេញដោយអនុក្រឹត្យ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ និងទី១២.
កោះរុង ស្ថិតក្នុងខេត្តព្រះសីហនុ ហើយមានផ្ទៃដី២.៦៥៥, ៣៥ហិកតា
ចេញដោយអនុក្រឹត្យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។តំបន់ឧទ្យានជាតិ គឺសំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក ឬ
ដែនទឹកដែលត្រូវបានកំណត់ដើម្បីការ
ពារខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនរបស់តំបន់
ដែលបានកំណត់សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់ ។
ជាពិសេសកម្រិតដល់ការប្រើប្រាស់ដែលអាចធ្វើឱ្យខូចខាត
ឬបំផ្លិចបំផ្លាញដល់ធនធានជីវៈចម្រុះធនធានធម្មជាតិ ធនធានវប្បធម៌
និងមុខងារតួនាទីរបស់តំបន់នោះ ជាមួយនឹងគោលបំណងនៃការកំណត់តំបន់
និងការផ្តល់មូលដ្ឋានសម្រាប់ការកំសាន្ត ,ការទស្សនា ,ការអប់រំ
,ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ
ដោយពុំបង្កការគម្រាមកំហែងដល់បរិស្ថានធម្មជាតិ
និងវប្បធម៌នៅក្នុងមូលដ្ឋានឡើយ។ នេះបើតាមក្រសួងបរិស្ថាន៕